ដោយទទួលបានការអនុញ្ញាត និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាលសារសួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារស្ដីពីសញ្ជាតិ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ក៏បានឡើងអាននូវរបាយការណ៍ស្វាគមន៍ចំពោះវត្តមានដ៏កក់ក្ដៅរបស់ ឯកឧត្តម ប្រធានគណៈអធិបតី និងប្រភូអមដំណើរ ព្រមទាំងបានរាយការណ៍សង្ខេបស្ដីពី វឌ្ឍនភាព នៃការកសាងអង្គភាព និងការដឹកនាំកងកម្លាំងបំពេញតាម តួនាទីភារកិច្ចបានយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវប្រកបដោយ ឆន្ទៈ និងមនសិការ ដែលកន្លងមកជាលទ្ធផលទទួលបានស្នាដៃជាច្រើនក្នុងអង្គភាព ក្នុងការធានានូវ សន្តិសុខ រក្សាបានសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពល្អជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ចាមទាំងមូល ។
ទន្ទឹមនឹងនេះ ក៏បានបន្តប្រើយន្តការលើកសរសើរផ្តល់រង្វាន់ ចំពោះមន្រ្តីនគរបាលសកម្មមានស្នាដៃ ។
ជាមួយគ្នានេះ កងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្ដេជ្ញាចិត្ត និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដី នៃកម្ពុជា ផងដែរ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ប្រតិភូអមដំណើរ លោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លោក លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ និងលោកអធិការ/អធិការរង នគរបាលក្រុង/ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទាំង១០៩ ៕

