ពិធីខាងលើនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក-លោកស្រីជាស្នងការរង លោកអនុប្រធានផែន លោក-លោកស្រី នាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ រួមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ផងដែរ ។
នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឡើងមានមតិធ្វើការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយខ្លឹមសារសំខាន់ៗលើច្បាប់ស្តីពីសញ្ជាតិ ។
ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានរាយការណ៍នូវរបាយការណ៍សំខាន់ៗមួយចំនួនអំពីលទ្ធផលការងារដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសម្រេចបានកន្លងមក ពិសេសប្តេជ្ញាទប់ស្កាត់រាល់សកម្មភាពទាំងឡាយណា ដែលមានចេតនាទុច្ចរិត ក្នុងការគប់គិតជាមួយរដ្ឋបរទេស ហើយប៉ុនប៉ងចង់បំផ្លាញសន្តិសុខជាតិ និងសន្តិភាពរបស់កម្ពុជា ដែលថ្នាក់ដឹកនាំកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន និងបន្តវេនមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានខិតខំពុះពាររកមកបានដោយក្តីលំបាកទម្រាំកម្ពុជាមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ។
ក្នុងអង្គពិធីនេះដែរ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានមតិសំណេះសំណាល និងផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ឯកឧត្តម រដ្ឋលេខាធិការ បានលើកយកនូវចំណុច និងមាត្រាសំខាន់ៗមួយចំនួន ស្តីពីច្បាប់សញ្ជាតិ ដែលបានចូលជាធរមានកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីយកមកធ្វើការផ្សព្វផ្សាយជូនដល់កងកម្លាំងនគរបាលទាំងអស់ ឲ្យបានយល់ច្បាស់ កាន់តែទូលំទូលាយ សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងអនុវត្តច្បាប់ដ៏មានសារសំខាន់នេះ។
ឯកឧត្តម សន្តិបណ្ឌិត សុខ ផល បានសង្កត់ធ្ងន់លើចំណុចសំខាន់២ធំៗ នៃការផ្សព្វផ្សាយនៅពេលនេះ គឺ ការធ្វើវិសោធនកម្មច្បាប់លើមាត្រា៣៣ថ្មី ( ច្បាប់ដកសញ្ជាតិ ) និងច្បាប់ស្តីពីសញ្ជាតិ៕

